Thursday, May 3, 2012

ចង់ធ្វើកូនល្អ! (បទពំនោល)

ពុកម៉ែចិញ្ចឹមដល់ធំ ទូន្មានអប់រំ រៀបចំឱ្យកូនសិក្សា ។ រៀនចេះចប់មានស្នេហា លុះបានរៀបការ មាតាជួយមើលចៅទៀត ។ ដូច្នេះកូនល្អត្រូវឆ្លៀត ប្រឹងតាមលទ្ធិភាព ជួយញ្ញាតិជួយឱពុកម្តាយ ។ កូនល្អត្រូវគិតវែងឆ្ងាយ ចេញមុខដោះស្រាយ ពេលម្តាយឱពុកជួបទុក្ខ ។ ត្រូវជួយធុរៈសព្វមុខ គាត់មានក្តីសុខ ផុតទុក្ខក៏ព្រោះកូនល្អ ។ ពូជពង្សកិត្តិយសបវរ ពុកម្តាយត្រេចអរ កូនល្អគាត់មោទនភាព ។ សងគុណខែភ្លឺមិនឃ្លាត ពុកម៉ែសាច់ញ្ញាតិ រស់បៀតជួបជុំរួមគ្នា ។ តែផ្តាំផ្តាច់រឿងផ្តន្ទា ឈ្នានីសនិងគ្នា ចងពារកាប់ចាក់បងប្អូន ។ បំផ្លាញសម្បត្តិឱយសូន្យ ពុកម៉ែព្រាត់កូន ទ្រព្យសូន្យរស់តោកយ៉ាកហើយ ។ គិតគូរកុំនៅកន្តើយ គូសវាស់ឱ្យហើយ ចំលើយគឺដើរផ្លូវត្រូវ ។ ព្រហ្មវិហារធម៌ជាផ្លូវ កេរ្តិ៍ឈ្មោះគង់នៅ តទៅចំពោះកូនចៅ ។ វិជ្ជាការងារជួយដៅ ប្រែភាពសោកសៅ សំដៅរកវឌ្ឍនភាព ។ គិតពីខ្លួនឯង គិតពីឱពុកម្តាយ គិតពីសាច់ញ្ញាតិ គិតពីគ្រួសារ ក៏គិតពីសង្គមដែរ ។ តែកុំភ្លេចពាក្យថា ធ្វើបុណ្យទាន់ខែភ្លឺ ជូនក្តីស្រលាញ់ចំពោះឱពុកម្តាយឱ្យបានច្រើន ។ និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)

កំនើតស្នេហ៍ខ្ញុំ!

១៩ May ២០១១ ជាថ្ងៃទីមួយបងស្គាល់ស្រី ជជែកគ្នាលេងគ្រប់សេចក្តី ពិសេសនិស្ស័យការរស់នៅ ។ រាល់ពេលជជែកហាក់ស្គាល់ចិត្ត ហាក់ដូចស្គាល់មិត្តយ៉ាងជ្រាលជ្រៅ មិត្តប្រាប់រឿងរ៉ាវកន្លងទៅ រឿងរ៉ាវរស់នៅរឿងសិក្សា ។ ប្រឹងប្រែងរៀនសូត្រឆ្នាំទី៣ ស្ទើរគ្រប់រាត្រីសូត្រតំរ៉ា ប្រឹងធ្វើលំហាត់ពីសាលា ធ្វើអស់កិច្ចការទើបហ៊ានគេង ។ ព្រឹកឆ្លៀតធ្វើការរកកំរៃ ឆ្លៀតរៀនពេលថ្ងៃស្ទើរសង្រេង លុះល្ងាចមកដល់ធ្វើការផ្សេង បង្រៀនក្មេងៗផ្តល់ចំនេះ ។ វិលដល់ផ្ទះភ្លាមទុកសៀវភៅ រួចរួសរាន់ទៅផ្សារក្បែរផ្ទះ ជួយលក់ដូរម្តាយឥតប្រហែស ជួយធ្វើការផ្ទះដោយញញឹម។ អូនមានតំរិះចរិយាល្អ រួសរាយស្មោះសចិត្តប្រិយប្រិម បងលួចសសើរដោយសង្ឃឹម ថាបានញញឹមក្បែរកាយស្រី ។ លុះថ្ងៃមួយបងសួរអូនថា តើបុរសណាទើបប្រពៃ ទើបអូនសុខចិត្តស្នេហ៍ភក្តី សូមពៅលកលៃប្រាប់តាមការណ៍ ។ អូនរៀបរ៉ាប់ថាលុះត្រាតែ បុរសដែលស្នេហ៍ពិតស្នេហា ជាស្នេហាពិតមិនសាវា យល់ចិត្តខ្ញុំណាទើបខ្ញុំព្រម ។ ហើយត្រូវតែជាមនុស្សដែលល្អ មានចិត្តស្មោះសចេះថែរទាំ ស្រលាញ់គ្រួសារខ្ញុំចេះអត់ទ្រាំ និស្សិយចិត្តផ៊្សំាសមនិងខ្ញុំ ។ ឮហើយរីករាយចង់ផ្សារចិត្ត ភ្ជាប់និស្ស័យពិតចិត្តសុខុម បងលួចស្នេហ៍អូនចង់ផ្តើមសុំ សុំស្នេហ៍មាសមុំតាមfacebook ។ (នៅមានត...) និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)

Wednesday, May 2, 2012

អនុស្សាវរីយ៍ថ្ងៃទី១៩ខែJune២០១១!

អនុស្សាវរីយ៍ថ្ងៃទី១៩ខែJune២០១១! ១៩ខែJune២០១១ ក្នុងចិត្តរែងព្រួយព្រោះសន្យា ម៉ោង២កន្លះនៅSovanna ជួបពិភាក្សារឿងជីវិត ។ ជីវិតសិក្សាជីវិតគាប់ ជីវិតផ្សាភ្ជាប់ពីរឿងពិត ពីតូចដល់ធំរឿងជីវិត បច្ចុប្បន្នអាឌិតអនាគត ។ ជជែកសប្បាយផ្ទុះសំណើច ផ្ទុះចេញស្នាមសើចចិត្តស្រយុត ឃើញស្នាមញញឹមពិតរន្ធត់ ស្អាតចិត្តមោះមុតខំសិក្សា ។ ខំប្រឹងឱយខ្លាំងណាប្អូនស្រី ប្រឹងប្រែងខ្មាតខ្មីគ្រប់កិច្ចការ ទាំងការងារផ្ទះនិងសាលា ការងារសិក្សាឆ្នាំទីបី ។ នៅ១ឆ្នាំទៀតប្រឹងតស៊ូ អូនកុំរអ៊ូឬខ្ចិលអី សន្សំចំនេះវិជ្ជាថ្មី ការងារប្រពៃបានខ្ជាប់ខ្ជួន ។ បានការងារហើយពិតពិសេស អូនប្រើចំនេះចិញ្ចឹមខ្លួន រៀបចំជីវិតបានមាំមួន ពុកម្តាយនឹមនួនសប្បាយក្រៃ ។ (ខំប្រឹងសិក្សាណា ពេលវេលាមិនយឺតទេ វេលាដើរលឿនណាស់!) និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)