Thursday, May 3, 2012

ចង់ធ្វើកូនល្អ! (បទពំនោល)

ពុកម៉ែចិញ្ចឹមដល់ធំ ទូន្មានអប់រំ រៀបចំឱ្យកូនសិក្សា ។ រៀនចេះចប់មានស្នេហា លុះបានរៀបការ មាតាជួយមើលចៅទៀត ។ ដូច្នេះកូនល្អត្រូវឆ្លៀត ប្រឹងតាមលទ្ធិភាព ជួយញ្ញាតិជួយឱពុកម្តាយ ។ កូនល្អត្រូវគិតវែងឆ្ងាយ ចេញមុខដោះស្រាយ ពេលម្តាយឱពុកជួបទុក្ខ ។ ត្រូវជួយធុរៈសព្វមុខ គាត់មានក្តីសុខ ផុតទុក្ខក៏ព្រោះកូនល្អ ។ ពូជពង្សកិត្តិយសបវរ ពុកម្តាយត្រេចអរ កូនល្អគាត់មោទនភាព ។ សងគុណខែភ្លឺមិនឃ្លាត ពុកម៉ែសាច់ញ្ញាតិ រស់បៀតជួបជុំរួមគ្នា ។ តែផ្តាំផ្តាច់រឿងផ្តន្ទា ឈ្នានីសនិងគ្នា ចងពារកាប់ចាក់បងប្អូន ។ បំផ្លាញសម្បត្តិឱយសូន្យ ពុកម៉ែព្រាត់កូន ទ្រព្យសូន្យរស់តោកយ៉ាកហើយ ។ គិតគូរកុំនៅកន្តើយ គូសវាស់ឱ្យហើយ ចំលើយគឺដើរផ្លូវត្រូវ ។ ព្រហ្មវិហារធម៌ជាផ្លូវ កេរ្តិ៍ឈ្មោះគង់នៅ តទៅចំពោះកូនចៅ ។ វិជ្ជាការងារជួយដៅ ប្រែភាពសោកសៅ សំដៅរកវឌ្ឍនភាព ។ គិតពីខ្លួនឯង គិតពីឱពុកម្តាយ គិតពីសាច់ញ្ញាតិ គិតពីគ្រួសារ ក៏គិតពីសង្គមដែរ ។ តែកុំភ្លេចពាក្យថា ធ្វើបុណ្យទាន់ខែភ្លឺ ជូនក្តីស្រលាញ់ចំពោះឱពុកម្តាយឱ្យបានច្រើន ។ និពន្ធសំរាប់អានកំសាន្តដោយនាយ ស៊ីម៉ុច (Simuch Pursat)

No comments: